សេចក្តីពិត
តើអ្នករស់នៅដើម្បីអ្វី?
នៅក្នុងឆាកជីវិតរបស់យើង យើងពិតជាចង់ស្វែងរកអ្វីដែលល្អបំផុតឬចង់សម្រេចបាននូវអ្វីដែលអស្ចារ្យក្នុងជីវិត។ សម្រាប់មនុស្សមួយចំនួន ការរកបានទ្រព្យសម្បត្តិច្រើន នោះគឺជាគោលដៅរបស់ពួកគេ អ្នកខ្លះទៀតចង់បានកិត្តិនាមល្បីឈ្មោះ។ អ្នកផ្សេងទៀតស្វែងរកការងារល្អ ហើយខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីឈានទៅរកកម្រិតបន្ទាប់។ មនុស្សខ្លះទៀតចង់ក្លាយជាមនុស្សស្រស់ស្អាត រៀបការជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយមានផ្ទះដ៏ស្រស់ស្អាត មានគ្រួសារមានសុភមង្គល មានឡានសម្រាប់ធ្វើដំណើរពេលវិស្សមកាល ហើយចូលនិវត្តន៍ប្រកបដោយសុខស្រួល ។
យើងអាចមានក្តីសុបិនដ៏ស្រស់ស្អាត ហើយបន្ទាប់មកយើងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តតាមគំនិតរបស់យើង។ មានមនុស្សជាច្រើនបានសម្រេចគោលដៅរបស់ខ្លួនឯង ប៉ុន្តែនៅពេលដែលគេទទួលបានអ្វីៗដែលគេចង់បាន ហើយគេនឹងសួរខ្លួនឯងថា “តើនេះមិនមែនជាអ្វីដែលខ្ញុំត្រូវការទេឬ?
តើជីវិតរបស់យើងហាក់ដូចជាខ្វះអ្វីម្យ៉ាងមែនទេ ? មនុស្សម្នាក់ៗតែងស្វែងរកវិធីផ្សេងៗគ្នាដើម្បីគេចចេញពីភាពទទេនៅក្នុងចិត្ត។ ពួកគេតែងជំរុញខ្លួនឯងឲ្យលង់ក្នុងការកំសាន្ត ពិធីជប់លៀង គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសងនិងការងារផ្សេងៗទៀត ។ ក៏មានមនុស្សជាច្រើនកំពុងតែឈ្លក់វង្វេងជាមួយនឹងវា ហើយក៏មិនអាចចាកចេញពីវាបានដែរ រហូតដល់ចុងក្រោយពួកគេនឹងត្រូវបំផ្លាញដោយសារវា។ សម្រាប់សហគ្រិនដែលទទួលបានជោគជ័យដ៏អស្ចារ្យក្នុងមុខជំនួញក៏ដោយ ប៉ុន្តែពួកគេក៏អាចមានការបរាជ័យយ៉ាងខ្លាំងនៅក្នុងការទំនាក់ទំនងរបស់ពួកគេដែរ។ អ្វីៗដែលធ្លាប់ជាសុបិនដ៏ស្រស់ស្អាតត្រូវបានកំទេចដោយការពិតដ៏អាក្រក់។
ជាធម្មតាយើងមិនស្កប់ចិត្តនឹងអ្វីដែលយើងមានឥឡូវនេះទេ ពីព្រោះយើងកំពុងប្រើវិធីខុសដើម្បីស្វែងរកសុភមង្គលនិងភាពជោគជ័យ។ យើងប្រើគំនិតផ្ទាល់របស់ខ្លួនយើងដើម្បីកំណត់គោលដៅនិងអាទិភាពរបស់យើង។ យើងប្រើនិន្នាការសង្គមដើម្បីវាស់ស្ទង់ភាពជោគជ័យ យើងត្រូវបានដឹកនាំឲ្យជឿជាក់ថា បើយើងមានច្រើនប៉ុណ្ណាសុភមង្គលក៏មានច្រើនប៉ុណ្ណោះដែរ។ ប៉ុន្តែតើការជឿជាក់យ៉ាងនេះត្រឹមត្រូវឬទេ?
ព្រះយេស៊ូវមានព្រះបន្ទូលថា «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ» ( ម៉ាថាយ 16.26 )
នៅទីនេះព្រះយេស៊ូវទ្រង់មានបន្ទូលពីសេចក្តីពិតនៃជីវិតរបស់យើង។ នៅក្នុងពិភពលោកនេះ យើងអាចទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បាន ប៉ុន្តែប្រសិនបើព្រលឹងវិញ្ញាណរបស់យើងមិនអាចរួមបញ្ចូលជាមួយនឹងព្រះអម្ចាស់ដែលបង្កើតយើងទេ នោះយើងគឺគ្មានអ្វីទេ។ យើងអាចទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាននៅលើពិភពលោកនេះ ហើយចុងក្រោយយើងនឹងស្លាប់រួចយកទៅបញ្ចុះក្នុងដី។
អ្វីៗដែលអ្នកទទួលបានគឺមិនអាចប្តូរជាមួយនឹងជីវិតបានទេ ដូច្នេះវាមិនទទួលបានអ្វីទាំងអស់។
ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖“ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត” ។ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកដែលមកតាមទ្រង់ថា ៖ អ្នកនឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងនាំឲ្យអ្នកមានសេរីភាព ។ ជីវិតរបស់យើងគឺមានទំនាក់ទំនងស្និតស្នាលជាមួយទ្រង់ ហើយព្រះបន្ទូលទ្រង់នឹងនាំយើងឲ្យស្គាល់ព្រះយេស៊ូវថា ទ្រង់គឺជាផ្លូវដែលនាំយើងឲ្យស្គាល់ពីតម្លៃនៃជីវិត។ ទ្រង់បានមកប្រាប់ពីសេចក្តីពិតរបស់ព្រះមកយើង និងមកជួយយើងឲ្យមើលឃើញជីវិតពីទស្សនៈរបស់ព្រះ។ តាមវិធីនេះ យើងអាចមើលឃើញតាមរយ:ការខិតខំប្រឹងប្រែង ហើយរស់នៅក្នុងជីវិតដែលមានអត្ថន័យជាងមុន ។ ទ្រង់ធ្វើឲ្យភ្នែកយើងភ្លឺ ហើយនាំយើងឲ្យដឹងថា បើទោះបីជាយើងគ្មានទ្រព្យសម្បត្តិនិងកិត្តិនាមក៏ដោយ តែយើងមានតម្លៃចំពោះព្រះនេត្ររបស់ព្រះ។ទ្រង់បានមានបន្ទូលមកយើងថា កុំឲ្យខ្វល់ខ្វាយថាតើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វីនៅថ្ងៃស្អែកឡើយ ពីព្រោះទ្រង់ស្រលាញ់យើង ហើយទ្រង់នឹងផ្គត់ផ្គង់តាមតម្រូវការរបស់យើង។ ប្រសិនបើព្រះក្លាយជាចំណុចកណ្តាលនៃជីវិតរបស់យើង ហើយបំពេញព្រលឹងវិញ្ញណយើង ពេលនោះយើងនឹងមានចិត្តស្កប់ស្កល់ពិតប្រាកដ។
ប្រសិនបើអ្នកជឿលើព្រះយេស៊ូវ ហើយទទួលយកទ្រង់ជាព្រះអង្គសង្រ្គោះរបស់អ្នក អ្នកនឹងរួចផុតពីការស្វែងរកដោយងងឹតងងុល និងការខិតខំប្រឹងប្រែងដោយទទេនៃពិភពលោកនេះ។ ទ្រង់នឹងនាំអ្នកទៅចំពោះមុខព្រះ ដើម្បីឱ្យអ្នករស់នៅក្នុងជីវិតដែលព្រះចង់ឲ្យអ្នករស់នៅ។ ទ្រង់នឹងធ្វើឲ្យអ្នកជោគជ័យក្នុងព្រះនេត្របស់ព្រះ ហើយទ្រង់នឹងផ្តល់អំណាចដល់អ្នកដើម្បីស្វែងរកសេចក្តីអំណរនៅក្នុងសេចក្តីស្រលាញ់របស់អ្នកដ៏ទៃ ហើយទ្រង់នឹងផ្តល់ឲ្យអ្នករស់នៅដោយមានន័យក្នុងជីវិត និងមានក្តីសង្ឃឹមនៃជីវិតអស់កល្ប។
ព្រះយេស៊ូវគឺជាចម្លើយ! នៅក្នុងទ្រង់យើងអាចរកឃើញសេចក្តីពិតនោះ គឺជាអត្ថន័យនៃជីវិត សេចក្តីពិតនៃសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីពិតនៃអ្វីដែលល្អ និងសេចក្តីពិតនៃគោលបំណងក្នុងជីវិតរបស់យើង។ សេចក្តីពិតនេះហើយដែលផ្តល់សេរីភាពដល់យើង។