ព្រះយេស៊ូវ
តើព្រះយេស៊ូជានរណា?
- ព្រះយេស៊ូវ គឺជាព្រះនៅក្នុងសាច់ឈាម
- កើតនៅចន្លោះឆ្នាំ ៨-៤ មុនគ.ស នៅទីក្រុងបេថ្លេហិម ស្រុកយូដា (បច្ចុប្បន្ននៅប៉ាឡេស្ទីន)
- ស្លាប់នៅលើឈើឆ្កាងនៅ «គាល់កូថា» (ដែលស្រាយថាភ្នំរលាក្បាល)
- បីថ្ងៃក្រោយមកបានរស់ឡើងវិញ។ បានលេចមកដល់ពួកសិស្សរបស់ទ្រង់ ហើយក្រោយមកដល់បងប្អូនជាង ៥០០នាក់ (១កូរិនថូស ១៥.៦)
- «យេស៊ូវ» ជាភាសាក្រិក និង«យ៉ូស្វេ» ជាភាសាហេព្រើរ មានន័យថា «ព្រះសង្គ្រោះ»
- «ព្រះគ្រីស្ទ» ជាភាសាក្រិក នៃ«ព្រះមែស៊ី» មានន័យថា «អ្នកត្រូវបានចាក់ប្រេងតាំង»
ក្នុងរយៈពេល ៣៣ឆ្នាំ ដែលព្រះយេស៊ូវបាននៅក្នុងលោកីយ៍នេះ ទ្រង់បានធ្វើការអស្ចារ្យជាច្រើនដែលមិនធ្លាប់ឃើញពីមុនមក ហើយពេលក្រោយក៏គ្មានដែរ៖:
ទ្រង់បានដើរលើសមុទ្រ។
ទ្រង់បានធ្វើឲ្យព្យុះស្ងប់ស្ងាត់។
ទ្រង់បានប្រោសមនុស្សខ្វាក់ មនុស្សខ្វិន និងមនុស្សឈឺ។
ទ្រង់បានផ្តល់អាហារដល់មនុស្សរាប់ពាន់នាក់ជាមួយនឹងនំបុ័ង ៥ដុំ និងត្រី២។
ទ្រង់បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ថែមទៀតផង។
ទ្រង់មិនបានរស់នៅ ក្នុងចំណោមមនុស្សដែលមានទ្រព្យច្រើន និងអ្នកមានអំណាចនោះទេ ប៉ុន្តែរស់នៅជាមួយនឹងមនុស្សដែលត្រូវជិះជាន់ ឈឺ និងមនុស្សមានបាប ។ ទ្រង់បានជួបប្រទះនូវតម្រូវការ និងការសាកល្បងដូចដែលយើងជួបប្រទះដែរ៖ ឃ្លាន ស្រេកទឹក នឿយហត់ ការល្បួង ទុក្ខព្រួយ និងការបដិសេធ។
ព្រះយេស៊ូវ ជាសាច់ឈាម ប៉ុន្តែជីវិតទាំងមូលរបស់ទ្រង់ ជាការបង្ហាញឲ្យឃើញច្បាស់អំពីព្រះដែរ។ ទ្រង់ស្វាគមន៍ក្មេងៗមកក្នុងដៃ ទ្រង់ក៏ខឹងនឹងអ្នកលក់ដូរ ក្នុងព្រះវិហារនៃព្រះ។ ទ្រង់បានសង្គ្រោះមនុស្សដែលសង្គមបោះបង់ចោល ហើយជីវិតរបស់ទ្រង់ពោរពេញដោយសេចក្ដីស្រឡាញ់ និងសេចក្ដី មេត្តា។ ពេលទ្រង់ត្រូវគេឆ្កាង ទ្រង់បានអធិស្ឋានឲ្យអ្នកធ្វើទារុណកម្មទ្រង់ ធ្វើឲ្យប្រាកដថា មាតារបស់ទ្រង់នឹងត្រូវបានគេយកចិត្តទុកដាក់ និងបានលួងលោមដល់ឧក្រិដ្ឋជនដែលបានឆ្កាងនៅក្បែរទ្រង់។
ព្រះយេស៊ូវគ្រីស្ទមិនគ្រាន់តែជាតួអង្គប្រវត្តិសាស្ត្រ ឬជាអ្នកដឹកនាំខាងស្មារតីដ៏អស្ចារ្យម្នាក់ប៉ុណ្ណោះ។ ទ្រង់ជាព្រះអង្គឯង ដែលបង្រៀនមនុស្សឲ្យស្គាល់អំពីនគរព្រះ ហើយចូលនគរព្រះមកតាមរយៈទ្រង់។
ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត» (យ៉ូហាន ១៤.៦) ទ្រង់ជាពន្លឺ ជាទ្វារ និងជាអ្នកគង្វាលរបស់យើង។ ប្រសិនបើយើងឃើញទ្រង់ នោះក៏បានឃើញព្រះវរបិតាដែរ ជាព្រះ។ ទ្រង់បានមានបន្ទូលថា «ជឿខ្ញុំ» ហើយអ្នកនឹងមិនស្លាប់ទេ។
ហេតុអ្វីបានជាមានបន្ទូលដូច្នេះ? ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច។ ព្រះយេស៊ូវមានអំណាចក្នុងការប្រោសឲ្យជាមានសិទ្ធិអំណាចក្នុងការអត់ទោស និងកំណត់ដាក់ទោស។ ព្រះយេស៊ូវគ្រប់គ្រងលោកីយ៍ដែលមើលឃើញ និងខាងវិញ្ញាណដែលមើលមិនឃើញ ហើយទ្រង់គ្រប់គ្រងជីវិត និងសេចក្តីស្លាប់។ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ(យ៉ូហាន៨.៥៨)។ ទ្រង់គឺជាអ្នកបង្កើតដែលមានវត្តមានតាំងពីដើមដំបូងមក ហើយជាចៅក្រម នៃព្រលឹងទាំងអស់នៅថ្ងៃចុងក្រោយ។