ពិធីលាងជើង
តើពិធីលាងជើងគឺជាអ្វី? តើត្រូវបានបង្កើតឡើងនៅពេលណា?
នៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវហៀបនឹងត្រូវគេក្បត់ ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ទ្រង់ដល់សិស្សទ្រង់។
« បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត» (យ៉ូហាន ១៣.៤-៥)។
ព្រះអម្ចាស់បានដោះព្រះពស្ត្ររបស់ទ្រង់ចេញ ហើយយាងមកបម្រើអស់អ្នកដែលជារបស់ព្រះអង្គ។ អ្នកបង្កើតបានឱនលំទោនខ្លួននៅចំពោះមនុស្សដែលទ្រង់បានបង្កើត ហើយលាងសំអាតផ្នែកកខ្វក់ជាងគេបំផុតនៃពួកគេ ដោយបង្ហាញថា នេះមិនមែនជាការជួបជុំធម្មតា មុនពេលបែកគ្នានោះទេ។ ព្រះអម្ចាស់បានប្រទានដល់ពួកគេនូវការបង្រៀនចុងក្រោយរបស់ទ្រង់អំពីសេចក្ដីស្រឡាញ់ ហើយទ្រង់បានបន្ទាបខ្លួននៅចំពោះមនុស្សគ្រប់គ្នា រួមទាំងពួកសិស្ស និងអ្នកដែលក្បត់ទ្រង់។ ទ្រង់បានលាងជើងរបស់ពួកគេ។
ព្រះយេស៊ូវមានបន្ទូលថា « បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ » ( យ៉ូហាន ១៣.៨ )។ « អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ » ( យ៉ូហាន ១៣.១០ )។ ពីនេះ យើងអាចមើលឃើញថា អស់អ្នកណាដែលបានទទួលបុណ្យជ្រមុជទឹក ត្រូវតែទទួលពិធីលាងជើង ដើម្បីមានចំណែកជាមួយនឹងព្រះអម្ចាស់ក្នុងសេចក្ដីសង្រ្គោះ។ ព្រះយេស៊ូវ ថែមទាំងបានបង្គាប់ពួកសិស្សទ្រង់ថា៖ « ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ បើអ្នករាល់គ្នាដឹងសេចក្តីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ » (យ៉ូហាន ១៣.១៥, ១៧)។ យើងឃើញថា ការធ្វើពិធីលាងជើង និងទទួលលាងជើង ជាសេចក្តីបង្គាប់របស់ព្រះអម្ចាស់ ហើយនាំឲ្យមនុស្សទទួលបានព្រះពរ។